សម្តេចតេជោ៖ មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីមានផ្ទៃពោះ នឹងទទួលបានការឧបត្ថម្ភ ដូចគ្នានឹងកម្មការិនី និងស្ត្រីក្រីក្រដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញ នូវកម្មវិធីឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដល់មន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ឱ្យទទួលបានប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗ ដូចគ្នាទៅនឹងកម្មការិនី និងស្ត្រីក្រីក្រមានផ្ទៃពោះដែរ ។
ក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសុំយកឱកាសនេះប្រកាសជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា ជាស្ត្រីទាំងអស់ នៅពេលមានផ្ទៃពោះ នឹងទទួលបានកម្មវិធីឧបត្ថម្ភដូចគ្នាទៅនឹងកម្មការិនីមានផ្ទៃពោះដែរ ។ គោលនយោបាយគាំពារសង្គម ត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបជាមួយបញ្ហាសុខុមាលភាពរបស់ប្រជាជន»។
សូមជម្រាបថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដែលបានអនុវត្តចាប់តាំងខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងបន្តអនុវត្តន៍កម្មវិធីនេះ ដោយកម្មការិនី និងស្ត្រីក្រីក្រមានផ្ទៃពោះ ទទួលបានការឧបត្ថម្ភសរុប ៧៦ម៉ឺនរៀល។ ការឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលនេះចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល។
ប៉ុន្តែចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ រាជរដ្ឋាភិបាលនឹងកម្រិតប្រាក់ឧបត្ថម្ភថ្មី សម្រាប់កម្មករនិយោជិតជាស្រ្តី គឺទទួលការបើកផ្តល់ប្រាក់ ៨០ ០០០ រៀលក្នុង១ដង សម្រាប់ការពិនិត្យផ្ទៃពោះ មុនពេលសម្រាលចំនួន៤ដង និងក្រោយសម្រាលចំនួន ១០ដង រហូលដល់កូនមានអាយុ២ឆ្នាំ និងបើកផ្តល់ ៨០០ ០០០ រៀល សម្រាប់ការសម្រាលកូន១ និងបូកបន្ថែម ៤០០ ០០០ រៀល សម្រាប់កូនភ្លោះទី២ និងកូនភ្លោះទី៣ និងជាបន្តបន្ទាប់៕
