សម្តេចតេជោ៖ គ្រាន់តែលោកគ្រូ សាន សុជា មកជួបខ្ញុំក៏ហាមគេដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រាន់តែលោកគ្រូ សាន សុជា មកជួបសម្ដែងការគួរសមជាមួយសម្ដេច ក៏ក្រុមប្រឆាំងហាមគេដែរ ដែលទង្វើនេះហើយនឹងធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយម កាន់តែឯកោទៅៗ ។
ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ មិថុនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «គ្រាន់តែលោកក្មួយ សាន សុជា មកជួប ហ៊ុន សែន ទៅវាយ សាន សុជា ហើយឥលូវ សាន សុជា បានបកត្រឡប់ទៅវិញ, គ្រាន់តែគេមកជួបជាមួយ ហ៊ុន សែន ក៏ហាមគេដែរ សិទ្ធរបស់គេសោះនឹង វាជារឿងចង្រៃអីចឹង ចឹងបានជាពួកវាធ្វើទៅកាន់តែឯកោទៅៗ»។
សម្តេចតេជោ បានប្រកាសដែរថា «អ្នកណាក៏ដោយឱ្យតែមាននិន្នាការណ៍ចងសម្ព័ន្ធភាពជាមួយអាពួកជ្រុលនិយមនេះ គឺមិនទទួលបានការរាប់រកឫអត់ឱនឱ្យពីសម្តេចនោះឡើយ ហើយកុំមកសុំឱ្យ ហ៊ុន សែន លើកលែងទោស លើកលែងការចោទប្រកាន់អី គឺអត់ទេឱ្យតែខុសច្បាប់គឺដាក់យកតែម្តង» ៕
