ប្រមុខរាជរដ្ឋាភិបាល ឲ្យពន្លឿនការរៀបចំ បង្កើតតុលាការពាណិជ្ជកម្ម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធ ពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីតុលាការពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យតុលាការដោះស្រាយវិវាទពាណិជ្ជកម្មនេះ អាចលេចរូបរាងឡើង នៅអាណត្តិក្រោយ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយនឹងតុលាការពាណិជ្ជកម្ម ព្រោះឥឡូវនេះ បញ្ហាកាន់តែធំ កាន់តែច្រើន។ យើងកំពុងតែអភិវឌ្ឍន៍ប្រទេសមួយ ដោយពង្រឹងនូវការជឿជាក់របស់ធុរជន សម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា ដូច្នេះខ្ញុំសុំស្នើថា គួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះ នូវច្បាប់ស្តីអំពីតុលាការពាណិជ្ជកម្ម រៀបចំបង្កើតឡើងតុលាការពាណិជ្ជកម្ម ដើម្បីកាត់ក្តីទៅលើរឿងពាណិជ្ជកម្ម ឥឡូវតុលាការមួយថ្នាក់ យើងកាត់គ្រប់រឿង អីចឹងទេយើងត្រូវមានតុលាការឯកទេស» ៕
