សម្តេចតេជោ៖ បើគ្មានសុខសន្តិភាពទេ កុំនិយាយ ឬគិតអ្វីទាំងអស់ គិតត្រឹមតែធ្វើយ៉ាងម៉េចរត់ចូលត្រង់សេឱ្យបាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូង បំផុតនៃការអភិវឌ្ឍ និងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ កម្មការិនី ហើយបើគ្មានសុខសន្តិភាពទេ កុំនិយាយ ឬគិតអ្វីទាំងអស់ គិតត្រឹមតែធ្វើយ៉ាងម៉េចរត់ចូលត្រង់សេឱ្យបានតែប៉ុណ្ណោះឯង។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ មិថុនា សម្តេចតេជោបានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «រឿងបង្កើតការងារបានឬមិនបាន ស្អីទៅធំជាងគេ? ក្មួយត្រូវចាំណា ដើម្បីឱ្យប្រទេសមួយអភិវឌ្ឍន៍ ដើម្បីឱ្យប្រទេសមួយមានការជឿនលឿន ដើម្បីឱ្យយើងមានការងារធ្វើដោយសុវត្ថិភាព និងបង្កើតការងារធ្វើបន្ថែម រឿងធំជាងគេគឺសន្តិភាព បើអត់សន្តិភាពទេក្មួយៗកុំនិយាយរឿងដោះស្រាយការងារ និយាយតែពីរឿងរត់ទៅត្រង់សេទៅបានហើយ» ៕
