រថយន្តកុងតឺន័រ បើកលឿនជ្រុលទៅបុកកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ ភ្លាមៗ ខណះពេលជិះម៉ូតូតាមផ្លូវត្រូវរថយន្តកុងតឺន័របើកលឿនជ្រុលទៅបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹងរួចកិនពីលើអូសជាច្រើនម៉ែត្រ បង្ករឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវថៃហ្គ័រ ត្រង់ចំណុចទល់មុខនឹងក្រុមហ៊ុនស្រាបៀរ Heineken ក្នុងសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ពូន សាមគ្គី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា ZOOMER X ពណ៌ស លាយត្រួយចេក មួយគ្រឿងពាក់ស្លាកលេខ កណ្តាល 1W-1116 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយ ផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងក្រុមហ៊ុន ស្រាបៀ Heineken ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-8056 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាស់គ្នាក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកចំពីមុខម៉ូតូជនគ្រោះយ៉ាងពេញទំហឹង រួចកិនពីលើម៉ូតូនិងជនរងគ្រោះជាប់នៅខាងក្រោមអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ភ្លាមនោះដែរតៃកុងរថយន្តបង្កបានបើកទ្វារ រត់គេចខ្លួនតែត្រូវបានពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកឯងដើម្បីសាកសួរបន្តនិងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕
