ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យកម្មករ-កម្មការិនី រួមគ្នាថែរក្សាការពារសុខសន្តិភាព កុំចាំបាច់ដល់ពេលបាត់សន្តិភាព ទើបប្រឹងស្រែករកសន្តិភាព គឺមិនងាយទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថ្លែងអំពាវនាវដល់កម្មករ-កម្មការិនី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងប្រឹងប្រែងរកបានដោយលំបាក ហើយកុំចាំឱ្យវាយបាត់បង់ហើយបានស្រែករកសន្តិភាព គឺមិនងាយទេ ។
ក្នុងឱកាសបន្តចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សំណូមពររបស់ពូមិនធំទេ ធ្វើយ៉ាងមិចគឺទាំងអស់គ្នា រួមគ្នាការពារសន្តិភាពដែលយើងរកបានដោយលំបាកនេះ, សន្តិភាពមានតម្លៃណាស់ក្មួយ កុំចាំបាត់សន្តិភាព បានយើងស្រែករកសន្តិភាពមិនងាយនោះទេ» ។
សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍រម្លឹកពីការឈឺចាប់ និងក្ដីសោកសង្រែងរបស់សម្ដេចក្នុងពេលតស៊ូ ដើម្បីធ្វើដំណើរទៅរំដោះជាតិមាតុភូមិ ទៅកាន់ប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមកសង្គ្រោះប្រជាជនកម្ពុជា ដែលពេលនោះសម្ដេច បានទៅដល់ប្រទេសវៀតណាមបានទទួលទានបាយដោយស្រក់ទឹកភ្នែក ដោយសារប្រពន្ធកូនកំពុងរងទុក្ខ ព្រោះតែសង្គ្រាមបានបង្កវិនាសកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលនោះ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ។ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិតត្រូវរួមគ្នាធ្វើយ៉ាងណា ធ្វើឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន គឺកម្មករនិយោជិត និងម្ចាស់រោងចក្រត្រូវរួមគ្នាកុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត នឹងថៅកែរោងចក្រ នៅក្នុងរោងចក្ររបស់ខ្លួន ៕
