សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យកម្មករ កម្មការិនី ទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា កុំជឿតាមការញុះញង់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដោយកុំជឿតាមការញុះញង់របស់បុគ្គលិកណាម្នាក់ដែលបានអំពាវនាវមិនឱ្យទៅបោះឆ្នោត។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សូមអំពាវនាវក្មួយទាំងអស់ ទៅចូលរួមបោះឆ្នោត ដែលបានឈប់សម្រាកនៅថ្ងៃទី២២ ២៣ និង២៤ ខែកក្កដា ដោយមានប្រាក់បៀវត្ស។ បើអ្នកចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ គឺកាន់តែងាយស្រួល បានសម្រាកទាំងបីថ្ងៃ។ ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា កុំជឿទៅតាមការញុះញង់ ព្រោះនេះជាសិទ្ធិរបស់យើង។ ប្រទេសអូស្រ្តាលី អ្នកមិនទៅបោះឆ្នោតគឺផាកពិន័យឱ្យបង់ប្រាក់ តែចំពោះយើង គឺផាកតែអ្នកណាដែលរារាំងគេមិនឱ្យទៅបោះឆ្នោតទេ» ៕
