សម្ដេចតេជោ ឲ្យអ្នកលេងហ្វេសបុកឈ្មោះ រាជ្យបុត្រ សូរ្យកាយ្យ រៀបចំខ្លួនមកស្រុកកំណើតវិញ បន្ទាប់ពីចេញវីដេអូសុំទោសសម្ដេច

ភ្នំពេញ៖ យុវជន ទឹម សុជា ដែលជាអ្នកលេងហ្វេសប៊ុកឈ្មោះ « រាជ្យបុត្រ សូរ្យកាយ្យ» បានចេញវីដេអូសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសគ្រប់យ៉ាង ដែលខ្លួនធ្លាប់បានវាយប្រហារ និងរិះគន់មកលើសម្តេច និងរាជរដ្ឋាភិបាល។ ជាការឆ្លើយតប សម្តេចតេជោ បានស្វាគមន៍ និងឲ្យយុវជនរូបនេះរៀបចំខ្លួនមកស្រុកកំណើតវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃនេះថា «កូន ទឹម សុជា ដែលជាអ្នកលេងហ្វេសបុក Facebook ឈ្មោះ រាជ្យបុត្រ សូរ្យកាយ្យ បានធ្វើវីដេអូសម្តែងការសោកស្តាយ និងសុំទោសចំពោះកំហុសដែលបាន កើតកន្លងមក។ កូនប្រុសពុកសូមស្វាគមន៍ការវិលត្រឡប់របស់កូន។ សម្រាប់រឿងអតីតកាលទុកវាដោយឡែកទៅចុះ។ កូនរៀបចំខ្លួនមកនៅស្រុកយើងវិញដែលទឹកដីនេះក៏ជារបស់កូនម្នាក់ដែរ។ មាតុភូមិកម្ពុជាជារបស់ប្រជាជនកម្ពុជាគ្រប់រូប» ៕
