បណ្ឌិត ហ៊ុន ម៉ាណែត៖ គ្រប់សាសនាទាំងអស់ គឺបានអប់រំមនុស្សឱ្យរស់នៅប្រកបដោយធម៌ និងផ្តល់នូវពុទ្ធិបញ្ញាញាណ ដើម្បីបែងចែករវាងអំពើអាក្រក់ និងអំពើល្អ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រប់សាសនាទាំងអស់ គឺបានអប់រំមនុស្សឱ្យរស់នៅប្រកបដោយធម៌ និងផ្តល់នូវពុទ្ធិបញ្ញាញាណ ដើម្បីបែងចែករវាងអំពើអាក្រក់ និងអំពើល្អ ព្រមទាំងចៀសវាងការប្រើប្រាស់ចំណេះដឹង និងជំនាញទៅក្នុងផ្លូវខុស ដែលអាចនាំមកនូវការបំផ្លិចបំផ្លាញដល់បុគ្គលខ្លួនឯង និងសង្គមជាតិ។
ការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បែបនេះក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានាក្នុងវត្តកែវមុនី (ហៅវត្តថ្មី) ស្ថិតនៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ នៅក្នុងទីអារាមវត្តកែវមុនី ហៅវត្តថ្មី ដែលមានអាយុកាលប្រមាណ ៧៧ ឆ្នាំ សម្រាប់បម្រើជាប្រយោជន៍ដល់ការជួបជុំ និងការធ្វើបុណ្យបំពេញទានតាមប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទដែលអញ្ជើញមកពីគ្រប់ទិសទី។
ក្នុងន័យនេះឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា ការអប់រំដែលពេញលេញ គឺត្រូវដើរទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក រវាងផ្នែកវិទ្យាសាស្ត និងផ្នែកសាសនា ដើម្បីជួយអភិវឌ្ឍសង្គមមួយឱ្យមានការរីកចម្រើនលូតលាស់ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់ ៕

