សម្តេចតេជោ ហ៊ុន សែន៖ រោងចក្រសហគ្រាសដែលបានពង្រាយនៅទូទាំង ២៥ ខេត្តក្រុង គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រោងចក្រសហគ្រាសដែលបានពង្រាយនៅទូទាំង ២៥ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា គឺជាគោលនយោបាយពង្រាយរោងចក្រ ទៅតាមបណ្ដាខេត្ត របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន មិនមែនមានរោងចក្រនៅតែរាជធានីភ្នំពេញមួយប៉ុណ្ណោះទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសដែរ សម្តេច អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) ក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បើសិនជាអត់មានរោងចក្រនៅក្នុងខេត្តតាកែវនោះទេ កម្មករនិយោជិតទាំងអស់ច្បាស់ណាស់ថា នឹងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ហើយពលរដ្ឋខ្លះទៀតនឹងបន្តប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការធម្មតាជាមួយឪពុកម្ដាយជាក់ជាមិនខាន។
សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ កម្លាំងពលកម្មមួយភាគធំ ត្រូវចូលមកវិស័យឧស្សាហកម្ម សេវាកម្ម និងមួយផ្នែកទៀតកំពុងធ្វើការនៅតាមបណ្ដាប្រទេសជិតខាង ៕
