ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ដោយសារគោលនយោបាយត្រឹមត្រូវ របស់បក្សប្រជាជន ទើបប្រទេសជាតិមានការរីកចម្រើនដល់បច្បុប្បន្ន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ដោយសារគោលនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រទេសជាតិយើងមានការរីកចម្រើនដល់បច្បុប្បន្ន ហើយគណបក្សក៏នឹងបន្តរៀបចំ និងអនុវត្តនូវនយោបាយដែលត្រឹមត្រូវបន្តទៅមុខទៀត ។
ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាអាចបន្តសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជន គឺអាស្រ័យដោយគោលនយោបាយរបស់គណបក្ស ពីព្រោះគោលនយោបាយរបស់គណបក្ស នឹងក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលឈ្នះការបោះឆ្នោត ។
ឯកឧត្តមបណ្ឌិត បន្តថា គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមានសមត្ថភាព ទើបអាចទទួលជោគជ័យ។ ក្នុងន័យនេះ យុវជនគឺជាកម្លាំងប្រតិបត្តិករយ៉ាងសំខាន់ចំពោះការចូលរួមដោយផ្ទាល់ក្នុងការបម្រើប្រទេសជាតិ តាមរយៈការចូលរួមជីវភាពនយោបាយក្នុងនាមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដូច្នេះ យើងត្រូវបន្តរួមសាមគ្គីគ្នាឱ្យបានរឹងមាំ និងអនុវត្តគ្រប់ភារកិច្ចតាមឋានានុក្រមពីលើដល់ក្រោម ក្នុងការងារបម្រើប្រជាជន ហើយត្រូវលុបបំបាត់នូវរាល់សកម្មភាពអវិជ្ជមានដែលអាចបង្កការថ្នាំងថ្នាក់ដល់ប្រជាជន ដើម្បីធ្វើយ៉ាងណាធានាការពាររាល់ផលប្រយោជន៍របស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ ៕

