បណ្ឌិត ហ៊ុន ម៉ាណែត៖ ធនធានមនុស្ស ជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត សម្រាប់ដំណើរការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី៣ ខែមិថុនា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឱកាសដែលនិស្សិតជ័យលាភី និងក្រុមគ្រួសារទទួលបាននាពេលនេះ គឺជាផ្លែផ្កានៃគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានបើកចំហរឱ្យវិស័យឯកជនអាចចូលរួមចំណែកក្នុងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏បានផ្តល់នូវជម្រើសសម្បូរបែបសម្រាប់និស្សិត ក្នុងការចាប់យកជំនាញ និងបំពេញតម្រូវការតាមទីផ្សារការងារ។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា «ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស។ ដូច្នេះ ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺអាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទកភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ» ។
ឯកឧត្តមបណ្ឌិតបន្ថែមថា ដោយឡែក ងាកមកទិដ្ឋភាពសម្រាប់ប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ គឺការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ ៕

