ឯកឧត្ដម ហ៊ុន ម៉ាណែត៖ គ្រឹះស្ថានសិក្សា អាចសម្រេចបានការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់ប្រទេសជាតិ គឺអាស្រ័យដោយមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រឹះស្ថានសិក្សា អាចសម្រេចបាននូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី៣ ខែមិថុនា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមសម្តែងនូវការអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំងអស់ក្នុងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលទទួលបានជោគជ័យមួយកម្រិតបន្ថែមទៀតនៅក្នុងជីវិតសិក្សា ជាពិសេសសមិទ្ធផលថ្ងៃនេះអាចសម្រេចទៅបានអាស្រ័យដោយតួអង្គ ៣ ដែលជាប្រតិបត្តិករសំខាន់ ដោយបូករួមនឹងតួអង្គគាំទ្រសំខាន់ ១។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា តួអង្គដែលជាប្រតិបត្តិករទាំង ៣ គឺ៖ ១. សាមីខ្លួនដែលជានិស្សិតជ័យលាភី, ២. អាណាព្យាបាល ឪពុកម្តាយ ក្រុមគ្រួសារ និង៣. គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងគ្រឹះស្ថានសិក្សា បូករួមនឹងតួអង្គគាំទ្ររួម គឺរាជរដ្ឋាភិបាលដែលជាអ្នកបង្កលក្ខណៈតាមរយៈការផ្តល់នូវបរិយាកាសសុខសន្តិភាព និងស្ថិរភាពអនុគ្រោះដល់ការសិក្សារៀនសូត្រ ៕
