សម្តេចតេជោ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សន្យាជាមួយខ្ញុំ ៤ដងថា មិនឲ្យសម រង្ស៉ី ចូលប្រទេសខ្លួនទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ឯកឧត្ដម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ធ្លាប់បានសន្យាច្បាស់ជាមួយសម្តេចចំនួន ៤ដងមកហើយថា មិនអនុញ្ញាតឲ្យ សម រង្ស៉ី ចូលទឹកដីម៉ាឡេស៉ីឡើយ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចូលទៅដល់ម៉ាឡេស៉ីពីសំណាក់ទណ្ឌិត សម រង្ស៉ី មិនត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដឹងឡើយ ព្រោះគេចូលតាមរយៈវិស័យឯកជន ហើយកាន់លិខិតឆ្លងដែនបារាំង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «អរគុណឯកឧត្តម លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលបានសន្យាជាមួយខ្ញុំ៤ដង ថាមិនឱ្យអានេះ [សម រង្ស៉ី] មកទេ។ គាត់អត់ដឹងទេ គេមកតាមវិស័យឯកជន ហើយប្រើប៉ាស្ព័របារាំង។ ម្សិលមិញប្រុងប្រៀបប្រជុំ គេអត់ឱ្យប្រជុំ ឥឡូវទៅដល់ព្រលានយន្តហោះ អាជ្ញាធររំសាយការប្រជុំ ហើយគ្រាន់តែឃើញថៃគេបោះឆ្នោត មានបក្សមួយនោះឈ្នះ គេថា គេជិតបានចូលស្រុកខ្មែរហើយ ចាំទៅអាពៅ កុំភូតគេពេក»។
សម្តេចតេជោបន្តទៀតថា «ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម បាននិយាយជាមួយខ្ញុំច្បាស់ថា មិនឱ្យមកទេ ហើយខ្ញុំក៏បាននិយាយ ខ្ញុំថាបើសិនជាឱ្យមក យើងរដ្ឋាភិបាល និងរដ្ឋាភិបាលមើលមុខគ្នាអត់ត្រង់ទេ។ គេបានមកជាន់ទឹកដីម៉ាឡេ អួតនោះអួត គេអួតថាបានមកជាន់ទឹកដីថៃទៀត ចាំមើលអួតដល់ណាទៀត ហើយបណ្ឌិតសេង សារី គេផ្តល់យោបល់ទៀតថា សល់តែមួយទេ ដល់ទឹកដីថៃហើយឆ្លងចូលកម្ពុជាតែម្តង អ្នកផ្តល់យោបល់នេះ ល្អតែត្រូវ BM 21 មកបណ្ឌិត សេង សារី ជូនដំណើរអាក្បត់ជាតិ៣ជំនាន់មកតែម្តង» ៕
