សម្តេចតេជោ៖ បក្សប្រជាជនកម្ពុជា គ្មានជាប់ពាក់ព័ន្ធជាមួយ គ.ជ.ប ឬរដ្ឋធម្មនុញ្ញឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានអ្វីជាប់ពាក់ព័ន្ធនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬរដ្ឋធម្មនុញ្ញនោះឡើយ ។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូន កម្ពុជាមានច្បាប់ទម្លាប់ គណបក្សប្រជាជន គឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វី ជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ»។
បន្ថែមពីទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រា ទៅលើស្ថាប័នធម្មនុញ្ញ ដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើ ដល់អ្នកដែលមានបំណង ចង់ប្រមូលផ្ដុំប្រឆាំងការបោះឆ្នោត សូមកុំរញែរញៃ ជាមួយនឹងបាតុកម្ម ឬអ្វីផ្សេងៗ ដោយសម្ដេច បានបញ្ជាក់ថា សម្ដេចបានផ្ដល់សាររួចហើយ ហើយសារទី១នេះ នៅតែមានតម្លៃ ដោយមិនចាំបាច់ ចេញសារទី២នោះឡើយ៕
