បណ្ឌិត ហ៊ុន ម៉ាណែត៖ គ្រប់សាសនាទាំងអស់ ដើរតួនាទីសំខាន់ក្នុងសង្គម ព្រោះថាបើគ្មានសាសនាទេ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារពលរដ្ឋនឹងប្រព្រឹត្តអំពើខុសឆ្គង លែងខ្វល់ពីបុណ្យបាប

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រប់សាសនាទាំងអស់ បានដើរតួនាទីដ៏មានសារៈសំខាន់ក្នុងសង្គម ពីព្រោះថាបើគ្មានសាសនាទេ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារប្រជាពលរដ្ឋនឹងប្រព្រឹត្តអំពើខុសឆ្គង ដោយលែងខ្វល់អំពីបុណ្យបាប ។
ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែឧសភានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអនុមោទនាបុណ្យ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមសម្រាប់វត្តជ្រោយអំពិល ដែលមានអាយុកាលជាង ២២០ ឆ្នាំ ដែលបានឆ្លងកាត់ជាច្រើនជំនាន់ទាំងក្នុងសម័យកាលសង្គ្រាមរាំងជលវឹកវរខ្លាំង, សម័យកាលរីកចម្រើនក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ, សម័យកាលជម្លោះបែកបាក់ផ្លាស់ប្តូរបបគ្រប់គ្រង ដែលបាននាំឈានទៅការកាប់សម្លាប់ប្រជាជនខ្មែរខ្លួនឯងយ៉ាងរង្គាលក្នុងរបបខ្មៅងងឹត ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃ ដោយនៅពេលនោះទីអារាម បានរងនូវការបំផ្លិចបំផ្លាញ ហើយព្រះសង្ឃត្រូវបានចាប់ផ្សឹក និងសាសនាត្រូវបានលុបបំបាត់ទាំងស្រុង។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «ឈានមកដល់សម័យតេជោសន្តិភាព, សមិទ្ធផលជាច្រើនត្រូវបានកសាងរីកចម្រើនឡើងវិញទាំងផ្នែកពុទ្ធចក្រអាណាចក្រ និងអាណាចក្រ។ គ្រប់សាសនាទាំងអស់ បានដើរតួនាទីដ៏មានសារៈសំខាន់ក្នុងសង្គម ពីព្រោះថាបើគ្មានសាសនាទេ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារប្រជាពលរដ្ឋនឹងប្រព្រឹត្តអំពើខុសឆ្គង ដោយលែងខ្វល់អំពីបុណ្យបាប ហើយសង្គមទាំងមូលនឹងបាត់បង់សីលធម៌ និងគុណធម៌ ដែលជាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅក្នុងភាពជាមនុស្ស» ។
ឯកឧត្តមបណ្ឌិត បន្ថែមថា គោលការណ៍គ្រឹះរបស់គ្រប់សាសនា គឺបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អ គោរពគ្នា ស្រលាញ់គ្នា និងជួយគ្នាទៅវិញទៅមក។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានទិសដៅលើកកម្ពស់ការគោរពបដិបត្តិសាសនា ដើម្បីពង្រឹងសីលធម៌សង្គម និងជំរុញការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងសកម្មភាពសង្គមផ្សេងៗ តាមរយៈវប្បធម៌ចែករំលក ដែលជាប្រពៃណីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរតាំងពីបូរាណកាលមក ៕

