ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទឹកដីក្រូចឆ្មារ បានចងក្រងអនុស្សាវរីយ៍ថ្នាក់ដឹកនាំពីររូប ដែលចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជនដូចគ្នា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ហៅវត្តស្វាយដំណាក់ ស្ថិតនៅភូមិដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែឧសភានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វត្តអម្ពវ័ន (ហៅ វត្តស្វាយដំណាក់) ក៏ដូចជាឃុំជំនីក និងស្រុកក្រូចឆ្មារទាំងមូល គឺជាទឹកដីភូមិដ្ឋានដ៏កក់ក្តៅ ពីព្រោះមានប្រវត្តិសាវតាររបស់ប្រមុខថ្នាក់ដឹកនាំទាំង សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តើមចេញតស៊ូចូលព្រៃម៉ាក់គី ដើម្បីដង្ហែតាមអតីតព្រះមហាក្សត្រតាមការអំពាវនាវរបស់ព្រះអង្គ ក្នុងគោលដៅយាងព្រះអង្គមកគង់ដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា «ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ» ។
ឯកឧត្តមបណ្ឌិត បន្ថែមថា ពិតណាស់ ទីកន្លែងនេះ ក៏ជាសក្ខីកម្មដែលក្រើនរំឭកអំពីការតស៊ូ, ទុក្ខសោកនៃសង្រ្គាម, ការលះបង់ប្រកបដោយភក្តីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅរបស់អ្នកជំនាន់មុន ក្នុងបុព្វហេតុជាតិ, សាសនា និងព្រះមហាក្សត្រ ៕

