ឯកឧត្ដម ហ៊ុន ម៉ាណែត៖ បេសកកម្មដ៏ចម្បងរបស់បក្សប្រជាជន គឺបន្តរក្សាលំនឹងចិត្តប្រជាជន បម្រើប្រជាជន និងផ្តល់ជំនឿចិត្តដល់ប្រជាជន

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា បេសកកម្មដ៏ចម្បងរបស់ គណបក្សប្រជាជនកម្ពុជា គឺការបន្តរក្សាលំនឹងចិត្តរបស់ប្រជាជន, បម្រើប្រជាជន និងផ្តល់ជំនឿចិត្តដល់ប្រជាជន ចំពោះឆន្ទៈឥតងាករេរបស់គណបក្ស ក្នុងការបន្តកសាងសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិ និងប្រជាជន ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២២ ឧសភា ឯកឧត្ដមបណ្ដិត ហ៊ុន ម៉ាណែត បានថ្លែងថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា មានយន្តការក្រុមការងារចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមកច្រើនបន្ថែមនៅតាមមូលដ្ឋាន គឺដើម្បីរួមកម្លាំងសរុបសម្រាប់ពិនិត្យដោះស្រាយបញ្ហាប្រឈមនានា និងជួយប្រជាពលរដ្ឋតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាធានាដល់តម្រូវការ និងផលប្រយោជន៍របស់ប្រជាជនពិតជាក់ស្តែងនៅមូលដ្ឋាន ពីព្រោះគោលដៅ និងទិសដៅដ៏ជាក់លាក់មួយរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាមានបាន។
ឯកឧត្ដមបណ្ដិតបញ្ជាក់ថា «ដូច្នេះ បេសកកម្មដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺការបន្តរក្សាលំនឹងចិត្តរបស់ប្រជាជន, បម្រើប្រជាជន និងផ្តល់ជំនឿចិត្តដល់ប្រជាជនចំពោះឆន្ទៈឥតងាករេរបស់គណបក្ស ក្នុងការបន្តកសាងសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិ និងប្រជាជន» ៕

