ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តាធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងសម្រេចបានសមិទ្ធផលជាច្រើន គឺអាស្រ័យដោយកត្តាចម្បង ២យ៉ាង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កត្តាដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងការសម្រេចបានសមិទ្ធផលជាច្រើន ដូចដែលយើងកំពុងអបអរទទួលបាននេះ គឺអាស្រ័យដោយកត្តាចម្បង ២យ៉ាង ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២២ ឧសភា ឯកឧត្ដមបណ្ដិត ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាចម្បងសំខាន់ ២ យ៉ាងនោះគឺ៖
ទី១. កម្រិតជីវភាពរបស់ប្រជាជនមានការរីកចម្រើន ដែលនៅក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩ គឺបាតដៃទទេដូចៗគ្នា ប៉ុន្តែពេលនេះទទួលបានជីវភាពល្អប្រសើរ និងអាចប្រកបរបររកទទួលទាន និងបំពេញការងារផ្សេងៗ រហូតមានលទ្ធភាព ចែករំលែកផលនៅក្នុងសង្គម ដូចដែលស្តែងឡើងតាមរយៈការឯកភាពគ្នាកសាងសមិទ្ធផលដូចថ្ងៃនេះ ។
ទី ២. ការបង្កលក្ខណៈយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចចិត្ត និងការជ្រើសរើសជំនាញ អាជីព និងមុខរបរ រួមទាំងការបម្រើសេវាមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាជន គឺសេវាសុខាភិបាល, អប់រំ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងស្ថិរភាពនៃការរស់នៅក្នុងសង្គមប្រកបដោយលំនឹងផ្លូវចិត្ត និងក្តីសង្ឃឹម ៕

