សម្តេចតេជោ ហ៊ុន សែន៖ កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីដែលមានផ្ទៃពោះ ដោយឧបត្ថម្ភថវិកាចាប់ពីពេលពពោះ រហូតដល់កូនអាយុ២ឆ្នាំ បន្ថែមលើអ្វីដែលធ្លាប់បានផ្ដល់ជូននាពេលកន្លងមក រួមទាំងថវិកាឧបត្ថម្ភផ្សេងៗរបស់សម្ដេចផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបីរួមគ្នា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កម្មការិនីចាប់ផ្ដើមពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភ។ អញ្ចឹងខ្ញុំសូមប្រកាសនៅថ្ងៃនេះ ជូនចំពោះកម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវការអនុវត្តដូចគ្នាចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្មការិនី ដែលមានប័ណ្ណ ប.ស.ស នៅពេលទៅពិនិត្យសុខភាពដោយមិនគិតលុយ តែនៅពេលក្រោយការប្រកាសអនុវត្តគោលនយោបាយគាំពារសង្គមនេះ កម្មការិនីដែលទៅពិនិត្យផ្ទៃពោះ នឹងទទួលបានថវិកាត្រឡប់មកវិញ ម្ដង៤ម៉ឺនរៀល ខណៈសម្ដេចនឹងពិនិត្យផ្ដល់ថវិកាបន្ថែមឲ្យបានច្រើនជាងនេះ។ បើតាមសម្ដេចតេជោ, គោលនយោបាយនេះក៏ត្រូវបានអនុវត្តរួចរាល់ហើយផងដែរ ទៅលើអ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសិករមួយចំនួន។
ស្របពេលជាមួយការប្រកាសនេះ សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា ចំនួនកម្មការិនីដែលមានផ្ទៃពោះ អាចមានចំនួន១០ភាគរយ នៃកម្មការិនីសរុបប្រមាណជាង១លាន២សែននាក់ប៉ុណ្ណោះ។ ដូច្នេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការងារនេះភ្លាមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៕
