សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនគ្រួសារមានជីវភាពខ្វះខាត ៥គ្រួសារ នៅស្រុកមង្គលបូរី

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកត្តិយស សមាគមនារីកម្ពុជា និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមក្រុមការងារ បានចុះសួរសុខទុក្ខស្រ្តី ចាស់ជា មានជីវភាពលំបាក ចំនួន៥គ្រួសារ នៅភូមិសំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ផ្សារភ្ជាប់ជាមួយនឹងការចុះសួសុទុក្ខនោះដែរ ក្រុមការងារ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក៏បានពាំនាំនូវអំណោយ រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ គ្រឿងឧបភោគបរិភាគ ជូនដល់គ្រួសារដែលជួបការលំបាកនោះផងដែរ។
មានប្រសាសន៍ថាសំណេះសំណាលនាឱកាសនោះ លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី បានមានប្រសាសន៍ថា ៖ ក្នុងនាមសមាគមនារី ដែលមានលោកជំទាវ ហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹម យ៉ាន ជាប្រធានកត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តែងតែយកចិត្តទុកដាក់ទៅលើសុខទុកបងប្អូននារី ដោយមិនទុកឱ្យបងប្អូនរងទុក្ខវេទនាឡើយ ពោលនៅពេលបងប្អូនស្រ្តីជួបទុក្ខលំបាក សមាគម តែងនៅក្បែរបងប្អូនជានិច្ច។ ជាក់ស្តែងក្រោយពីទទួលបានព័ត៌មាន ក្រុមការងារក៏បាននាំយកនូវសម្ភារៈមួយចំនួនដើម្បីដោះស្រាយជីវភាពបានមួយគ្រារ ដែលជាទឹកចិត្តរបស់ក្រុមការងារសមាគមនារី ក៏ដូចជាសប្បុរសជនបានចូលរួម ។ មួយទៀតបើសិនជាបងប្អូនជួបបញ្ហាលំបាកណាមួយ ត្រូវទាក់ទងទៅអាជ្ញាធរភូមិ-ឃុំ ដើម្បីឱ្យក្រុមការងារជួយដោះស្រាយឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ៖ គ្រួសារទទួលបានអំណោយទាំង៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម,មីមួយកេស, ទឹកសុទ្ធ វិតាល់ មួយកេស, ឃីតមួយ គ្រឿងឧបភោគបរិភាគមួយចំនួន រួមនឹងថវិកាក្នុងមួយគ្រួសារ ២៤ម៉ឺនរៀលផងដែរ៕
