បណ្ឌិត ហ៊ុន ម៉ាណែត៖ ការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់សមិទ្ធផលធំៗរបស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ។
មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត មានប្រសាសន៍បន្តថា ជាក់ស្តែង ជោគជ័យនៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មតាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ ៕
