ឯកឧត្ដម ហ៊ុន ម៉ាណែត សម្តែងនូវមោទកភាព និងអនុមោទនាចំពោះការអភិវឌ្ឍរីកចម្រើនរបស់វត្តហ្លួង ដែលជាទីអារាមដ៏ចំណាស់ក្នុងដានប្រវត្តិសាស្ត្ររបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទកភាព និងអនុមោទនាចំពោះការអភិវឌ្ឍរីកចម្រើនរបស់វត្តហ្លួង ដែលជាទីអារាមដ៏ចំណាស់ក្នុងដានប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាមួយនឹងអាយុកាលប្រមាណជាង ៥០០ ឆ្នាំ ហើយបានឆ្លងកាត់សម័យកាលជាច្រើនជំនាន់ រាប់ចាប់ពីដំណាក់កាលនៃជម្លោះ និងសង្គ្រាមបែកបាក់ រហូតដល់សម័យតេជោ ជាសម័យកាលនៃភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។
ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពេលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម ហ៊ុន ម៉ាណែតបានឱ្យដឹងថា សព្វថ្ងៃវត្តហ្លួង មាន សមិទ្ធផលជាច្រើន រួមមាន ព្រះវិហារ, សាលាឆាន់, សារមន្ទីរ, ព្រះវិហារព្រះគោ-ព្រះកែវ, សាលាបាលី, ក្លោងទ្វារ និងរបងវត្ត ជាដើម បានកកើតដុះដាលនៅក្នុងទីអារាមជាទីគោរពសក្ការៈមួយនេះ ក្រោមបរិយាកាសនៃសន្តិភាព ស្ថិរភាព សេរីភាព និងជីវភាពសម្បូរសប្បាយរបស់ប្រជាពុទ្ធបរិស័ទ៕

