ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រាកដណាស់ ជាមួយបដិវត្តន៍ឧស្សាហកម្មទី៤ វិស័យឌីជីថលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រាកដណាស់ ជាមួយនឹងបដិវត្តន៍ឧស្សាហកម្មទី៤, វិស័យឌីជីថលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងការធានាបាននូវភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់។
ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ក្រុមហ៊ុន BYTE DC Solutions នៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ក្រុមហ៊ុន BYTE DC Solutions ចំពោះកិច្ចខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ដែលជាការបើកដំណើរការនៃការផ្តល់សេវាកម្មឌីជីថល និងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងវិញ្ញាបនបត្រ Uptime Design Tier III។
ឯកឧត្ដមថ្លែងថា សមិទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការរីកចម្រើនជឿនលឿនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលមានភាពទំនើប និងទាន់សម័យ ក៏ដូចជាអំពីភាពរួចរាល់របស់កម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបរិវត្តិកម្មឌីជីថល សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន BYTE DC Solutions ដែលមានទំនុកចិត្តលើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថលក្នុងរបត់នៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនៅក្នុងយុគសម័យឌីជីថល។
ឯកឧត្ដមគូសបញ្ជាក់ថា ពិតណាស់ ទន្ទឹមនឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងការធ្វើពិពិធកម្មទាំងនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, សំណង់ និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យឌីជីថល ដើម្បីបង្កើតឱ្យមាននូវចន្ទល់កំណើនថ្មីមួយបន្ថែមទៀត ក៏ដូចជាដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យដទៃផ្សេងទៀតឱ្យកាន់តែទំនើប, ប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ ប្រាកដណាស់ ជាមួយនឹងបដិវត្តន៍ឧស្សាហកម្មទី៤, វិស័យឌីជីថលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងការធានាបាននូវភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ ៕

