ឯកឧត្តម អ៊ូច ភា នាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋចាស់ជរា ទីទ័លក្រ ចំនួន ១៣០គ្រួសារ ក្នុងឃុំធ្លក ស្រុកទ្រាំង

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានសាខាគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ បានយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋ ចាស់ជរា ទីទ័លក្រ ចំនួន ១៣០គ្រួសារ រស់នៅឃុំធ្លក ស្រុកទ្រាំង។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង លោក សោភ័ណ្ឌ ផល្លា ប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុក និងមន្រ្តីរាជការពាក់ព័ន្ធ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានផ្ដល់ជូន រួមមាន៖ អង្ករ ២៥គីឡូក្រាម, កន្ទេល១, មុង១, ភួយ១, សារុង១, ក្រមារ១, មី១កេស និងថវិកាមួយចំនួនផងដែរ ៕
