ឯកឧត្ដម ហ៊ុន ម៉ាណែត៖ យុវជនគឺនៅតែជាកម្លាំងស្នូល ក្នុងការចូលរួមកសាងប្រទេស

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មានប្រសាសន៍ថា ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេសនិងដោះស្រាយបញ្ហាប្រឈមនានា។
ឯកឧត្ដមបណ្ឌិតមានប្រសាសន៍បែបនេះនៅក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយបុគ្គលិក, សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានរួមចំណែកសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា រួមទាំងការចូលរួមយ៉ាងសកម្មជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។
ឯកឧត្ដមបញ្ជាក់ថា “ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចូលរួមបង្កើត និងបើកបង្ហាញនូវសមិទ្ធផលដែលជាមោទកភាពជាតិ ដើម្បីប្រាប់ពិភពលោកថា “ខ្មែរធ្វើបាន” ហើយកម្ពុជាកាលពីពេលមុន ដែលអន្តរជាតិតែងស្គាល់ថា ជាទឹកដីនៃជម្លោះបែកបាក់ គឺបានប្រែមុខមាត់ប្តូរមកជាកោះសន្តិភាព ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ”៕
