មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបីនាក់ត្រូវបានប៉ូលីសខេត្តតាកែវឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យចំនួនបីនាក់រួមនឹងវត្ថុតាងមួយចំនួនត្រូវបានកម្លាំងប៉ូលីសការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យ្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបាននៅទីតាំងមួយកន្លែងស្ថិតនៅចំណុចភូមិអង្គត្រាវ ឃុំត្រញាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃ ច័ន្ទ ទី ៨ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៦នឹង០០នាទី។
លោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យ្រឆាំងគ្រឿងញៀនបានប្រាប់អោយដឹងថាក្រោយកំណត់បានមុខសញ្ញាលោកបានដឹកនាំកម្លាំងចុះបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមមាន ទី១.ឈ្មោះ កន មិថុនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែកមានទីលំនៅ ភូមិអង្គត្រាវ ឃុំត្រញាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ(មុខសញ្ញាជួញដូរ)។ទី២.ឈ្មោះ ណូ បញ្ញា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅ ភូមិអង្គត្រាវ ឃុំត្រញាំងធំខាងជើង ស្រុកត្រាំកក់ខេត្តតាកែវ(ប្រើប្រាស់) និងទី៣.ឈ្មោះ នង ថយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិអង្គត្រាវ ឃុំត្រញាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។
លោកវរសេនីយ៍ទោ សុខ សង្ហា បានអោយដឹងទៀតថាក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៌ស ៣ កញ្ចប់ ម៉ូតូមួយគ្រឿងម៉ាក វិនន័រ ទូរស័ព្ទដៃម៉ាក់ វីវូ មួយគ្រឿង ដាវមួយដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
