ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្រ្តីរាជការ ១២៣៩នាក់ ក្នុងព្រះបរមរាជវាំង

ភ្នំពេញ៖ ស្ថិតក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧០ ព្រះវស្សា យាងចូល ៧១ ព្រះវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយជូនដល់ ថ្នាក់ដឹកនាំ ព្រះរាជខុទ្ទកាល័យ មន្ត្រី រាជការ បុគ្គលិក រាជង្គរក្ស កងកម្លាំងនគរបាលព្រះបរមរាជវាំង ដែលកំពុងបម្រើការនៅព្រះបរមរាជវាំង (ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកែប និងខេត្តព្រះសីហនុ) ក្រុមវិស្វករ មេការ កម្មករសំណង់ ដែលមានវត្តមានកំពុងជួសជុល ប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យ ប្រាសាទណាប៉ូឡេអុង និងក្រុមវិស្វករ មេការ កម្មករសំណង់ ជួសជុលថែទាំជាប្រចាំក្នុងព្រះបរមរាជវាំង សរុបទាំងអស់ចំនួន ១,២៣៩នាក់ ក្នុងម្នាក់ៗទទួលបាន សារុង ១ ក្រមា ១ អាវយឺតបើកកមានផ្លាកព្រះរាជអំណោយ ព្រះករុណា និងថវិកា ចំនួន២០០,០០០៛ នៅថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រះបរមរាជវាំង ៕
