ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានជិត ២ពាន់លានដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបាន ១,៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងតម្លៃ ១,១៧៣លានដុល្លារ ខណៈជប៉ុន នាំចូលកម្ពុជា តម្លៃ ៧៧៤លានដុល្លារ។
ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាថ្ងៃទី១ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជា និងជប៉ុន គឺជាសមាជិក នៃកិច្ចព្រមព្រៀងRCEP ប៉ុន្តែទំនាក់ទំនងទ្វេភាគីដែលមានរួចមកហើយ ចាំបាច់ត្រូវពង្រឹង ដើម្បីឱ្យទំនិញរបស់កម្ពុជាចូលទៅកាន់ទីផ្សារជប៉ុនកាន់តែច្រើន។ ហើយចំណុចនេះ គឺចំណុចល្អណាស់ ដែលខ្ញុំសុំលើកទឹកចិត្តដើម្បីឱ្យធ្វើកិច្ចការងារនេះបន្តទៀតសម្រាប់ប្រទេសយើងទាំងពីរ» ៕
