មន្ទីរការងារខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល កសាងសមត្ថភាពសមាជិកគណៈកម្មការខេត្ត សម្រាប់អនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥

ភ្នំពេញ៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើក និងបិទវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពសមាជិកគណៈកម្មការខេត្តបន្ទាយមានជ័យ សម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។
វគ្គបណ្តុះបណ្តាលក៏មានការអញ្ជើញចូលរួមលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ លោក-លោកស្រី មកពីមន្ទីរ អង្គភាពជំនាញនានាក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមនៅសាលប្រជុំខ សាលាខេត្តបន្ទាយមានជ័យថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
លោកស្រី រស់ សុផានី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ មិនត្រឹមតែមានគោលបំណងជួយលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនេះ ក៏មានវិធានការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅធ្វើប្រទេសផងដែរ។ លើសពីនេះ ក៏ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យការអនុវត្តគោលបាយជាតិនេះកាន់តែមានប្រសិទ្ធភាព ដែលជាការចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរ និងលើកស្ទួយការអភិវឌ្ឍមុខរបរ និងការងារសមរម្យនៅកម្ពុជា ការកែប្រែ និងធ្វើទំនើបកម្មនៃរចនាសម្ព័នឧស្សាកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើ ។
ឯកឧត្តម សោម ចំណាន មានប្រសាសន៍ថា ៖ គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារនេះ គឺជាគោលនយោបាយជាតិ ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពទាមទារនូវកិច្ចសហការដោយ មានការសម្របសម្រួលដ៏ទន់ភ្លន់រវាងវិស័យនានាជាប់ទាក់ទងទៅនឹងវិស័យមុខរបរនិងការងារ។ មានន័យថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែឯកឯង ឬវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែឯកឯង ពិតជាមិនអាចទទួលរ៉ាប់រងអនុវត្តឱ្យទទួលបានជោគជ័យឡើយ។ ដូចបានកំណត់នៅក្នុងតារាងម៉ាទ្រិក ដែលជាឧបសម្ព័ន្ធ នៃគោលនយោបាយនេះ មានក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធថ្នាក់ជាតិ ជាច្រើនដែលត្រូវចូលរួមអនុវត្ត ដែលករណីបែបនេះក៏តម្រូវឱ្យមាននៅថ្នាក់ក្រោមជាតិ ឬថ្នាក់ខេត្ត ដូចគ្នានេះដែរ។
ឯកឧត្តម បន្តថា ៖ ជាការពិតណាស់ មានសកម្មភាពមួយចំនួននៅក្នុងគោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តស្រាប់ ដោយក្រសួង ស្ថាប័ន និងអង្គភាពនានា តាមរយៈនៃការអនុវត្តផែនការយុទ្ធសាស្ត្រ និងបេសកកម្មរបស់សាមី អង្គភាពនីមួយៗ ព្រោះថាសកម្មភាពដែលត្រូវអនុវត្តនោះវាពិតជាមិនមែន និងក៏មិនអាចដាច់ចេញពីសកម្មភាព ដែលមាននៅក្នុងផែនការនៃសាមីអង្គភាពនីមួយៗនោះទេ។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា មន្ទីរ និងអង្គភាព ជំនាញនីមួយៗ នៅថ្នាក់រាជធានី-ខេត្ត ពិតជាត្រូវចូលរួមអនុវត្តគោលនយោបាយនេះផងដែរ ក្នុងនាមជារដ្ឋបាល ថ្នាក់ក្រោមជាតិ និងតំណាងក្រសួង ស្ថាប័នអាណាព្យាបាលខាងជំនាញរបស់ខ្លួន តាមរយៈផែនការសកម្មភាព ប្រចាំឆ្នាំនីមួយៗ ដើម្បីបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ នៅក្នុងរាជធានី-ខេត្ត ឱ្យបានកាន់តែប្រសើរឡើងជាលំដាប់៕
