នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ក្រោយការដួលរលំរបបខ្មែរក្រហម សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើក្នុងវិស័យការពារជាតិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម រហូតមកដល់ពេលនេះ សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល ០៥ ឆ្នាំ ចុងក្រោយនេះ គឺឆ្នាំ២០១៨-២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់ ៦០ វគ្គ និងមានសិក្ខាកាមប្រមាណជាង ៤,០០០ នាក់ ហើយដែលចំនួនសិក្ខាកាមនេះ បានកើនឡើងលើសសន្ទស្សន៍ផែនការពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការចង់ចេះចង់ដឹងរបស់យោធិនយើងក្នុងដំណាក់កាលនៃការកែទម្រង់ និងឱកាសមាសនៃសន្តិភាព។
នាយឧត្តមសេនីយ៍មានប្រសាសន៍លើកឡើងបែបនេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនជាលំដាប់របស់សាកលវិទ្យាល័យការពារជាតិ ដែលជាគ្រឹះស្ថានអប់រំផ្នែកយោធាកម្រិតឧត្តមសិក្សាឈានមុខមួយផងដែរ៕
