មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យុទ្ធសាស្ត្រនៅក្នុងការកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ ក្រសួងបរិស្ថានបានបង្កើតសេដ្ឋកិច្ចមូលដ្ឋានជូនដល់ប្រជាសហគមន៍ដូចជានៅកន្លែងតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រនៅក្នុងការកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ មានន័យថាកាត់បន្ថយការទាញនូវផលពីព្រៃឈើគឺ ការកាប់ព្រៃឈើ ការបរបាញ់សត្វព្រៃ ជាដើម។
មានប្រសាសន៍នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថានៅក្នុងយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន យើងបានបង្កើតសេដ្ឋកិច្ចមូលដ្ឋានជូនដល់ប្រជាសហគមន៍ដូចជានៅកន្លែងតំបន់ការពារធម្មជាតិដែលស្ថិតក្នុងភូមិផ្ចឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាផ្នែកមួយដែលជាប់ជាមួយនឹងតំបន់ការពារធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា អង្គការដៃគូរជាមួយក្រសួងបរិស្ថាន បានធ្វើកិច្ចការរួមគ្នាដើម្បីកាត់បន្ថយពឹងអាស្រ័យផលទាំងស្រុងទៅលើធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា កាលពីមុនបងប្អូនប្រជាពលរដ្ឋនៅកន្លែងនេះគឺគាត់មានមុខរបរចូលព្រៃកាប់ឈើដើម្បីយកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមផ្សេងៗដើម្បីយកទៅលក់ ហើយខ្លះទៀតចូលទៅក្នុងព្រៃដាក់អន្ទាក់យកសត្វមកលក់នៅតាមទីផ្សារផ្សេងៗ។ ប៉ុន្តែតាំងពីយើងចាប់ផ្ដើមពង្រឹងនូវការអនុវត្តច្បាប់ ការផ្សព្វផ្សាយ ការអប់រំ ក៏ដូចជាការដាំបន្លែ ពន្យល់ឲ្យគាត់យល់ពីផលប៉ះពាល់ផ្សេងៗអំពីការដាក់អន្ទាក់ អំពីចូលទៅក្នុងព្រៃកាប់ឈើ ដែលប្រឈមជាមួយនឹងមុខច្បាប់គឺពួកគាត់បានផ្លាស់ប្ដូរនូវមុខរបរក៏ដូចជាមកដាំបន្លែបង្ការផ្សេងៗ។ នេះគឺគាត់បានបញ្ជាក់ហើយថា កាលពីមុនមកគាត់ធ្វើជារោងសិប្បកម្មកែច្នៃឈើប៉ុន្តែចំណូលរបស់គាត់គឺអត់ទៀងទាត់ទេចឹងគឺគាត់ងាក់មកប្រកបមុខរបរថ្មីមួយវិញផ្សេងគឺការដាំបន្លែបង្ការនេះ គឺគាត់ទទួលបាននូវចំណូលជាប្រចាំក៏ដូចជាជួយកាត់បន្ថយពីបញ្ហាផ្សេងៗគឺគាត់មិនប្រឈមជាមួយនឹងមុខច្បាប់ឬការប្រព្រឹត្តនូវអំពើខុសច្បាប់ផ្សេងៗ។
ឯកឧត្តមរដ្ឋលេខាធិការ បានឲ្យដឹងថា នេះជាយុទ្ធសាស្រ្តរួមមួយដែលក្រសួងបរិស្ថានបានយល់ឃើញថាជាដំណោះស្រាយនៃភាពវិជ្ជមាននៅក្នុងការបង្កើតនូវរបងការពារតំបន់ការពារធម្មជាតិតាមរយៈការផ្ដល់នូវជម្រើសមុខរបរថ្មីមួយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាផ្ដល់នូវចំណូល មុខរបរ និងជម្រើសផ្សេងក្រៅអំពីមុខរបរពីបរមបុរាណរបស់គាត់។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ជាមួយគ្នានេះក្រសួងបរិស្ថានដែលបានទទួលស្គាល់នូវសហគមន៍តំបន់ការពារធម្មជាតិប្រមាណជាជាង២០០ នៅក្នុងទូទាំងប្រទេសកម្ពុជា គឺយើងបានផ្ដល់នូវការគាំពារតាមរយៈនាយកដ្ឋានអភិវឌ្ឍជីវភាពសហគមន៍ ដោយនៅក្នុងនោះគឺយើងបានផ្ដល់នូវប្រភេទពូជសត្វចិញ្ចឹមរួមមាន៖ គោ, ក្របី, ពពែ, ជាម, ជ្រូក, មាន់ ហើយនិងមានប្រភេទដំណាំផ្សេងៗ ក៏ដូចជាគ្រាប់បន្លែបង្ការផ្សេងៗដើម្បីឲ្យប្រជាសហគមន៍អាចដាំបម្រើជីវភាពក្នុងគ្រួសាររបស់គាត់ ក៏អាចធ្វើជាអាជីវកម្មដើម្បីប្រកបរបរចិញ្ចឹមជីវិតផងដែរ ៕

