សម្ដេច ស ខេង៖ វិស័យសាសនា រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់សាសនា និងប្រឆាំងការរើសអើង
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្រាប់វិស័យសាសនា រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា និងប្រឆាំងការរើសអើង។
ក្នុងឳកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានានៅវត្តមហាពោធិមង្គល ស្ថិតនៅឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍបើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ។
សម្ដេចបន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម បានបន្តថា “សម្រាប់វិស័យសាសនា រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់អោយក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ អប់រំទូន្មានមនុស្ស លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយក សាសនាទៅធ្វើអាជីវកម្ម”។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តសិទ្ធិក្នុងឋានៈជាពលរដ្ឋ និងជាម្ចាស់នៃជោគវាសនាប្រទេសជាតិ៕
