ពលរដ្ឋនៅតំបន់ដាច់ស្រយាលខ្វះខាតទឹកស្អាត ក្នុងស្រុកស្វាយចេក សាទរក្រោយទទួលបានអណ្តូងទឹកប្រើប្រាស់ ជាអំណោយរបស់ក្រុមមិត្តចាស់

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនៅស្រុកស្វាយចេក ដែលខ្វះខាតទឹកស្អាត បានបង្ហាញពីក្តីសប្បាយរីករាយ នៅពេលទទួលបានអណ្តូងទឹកមួយសម្រាប់ប្រើប្រាស់ ដែលកន្លងទៅពួកគាត់ប្រើប្រាស់តែទឹកប្រលាយមិនសូវស្អាត ដោយតំបន់នោះខ្វះប្រភពទឹក ណាមួយត្រូវទៅយកទឹកពីតំបន់ផ្សេងយកមកប្រើប្រាស់។
អណ្តូងនេះជាអំណោយរបស់ក្រុមមិត្ត ចាស់ ដឹកនាំដោយលោក កៅ រិទ្ធី តំណាងក្រុមមិត្ត ចាស់ រួមនឹងមានការជួយឧបត្ថម្ភពីសប្បុរសជនក្នុងនិងក្រៅប្រទេស ហើយក៏មានការអញ្ជើញចូលរួមពីលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក លោក អឿន សេដ្ឋា អភិបាលរងស្រុកស្វាយចេក តំណាងលោក លឿង សុភ័ក្រ្ត អភិបាលស្រុក រួមនឹងប្រជាពលរដ្ឋដែលរស់នៅភូមិខ្វាលិច (ដឺរាំង) ឃុំស្វាយចេក ចូលរួមផងដែរ។
លោក កៅ រិទ្ធី តំណាងក្រុមមិត្ត ចាស់ បានឱ្យដឹងថា ៖ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលដ្ឋ ជាពិសេសបងប្អូនដែលនៅតំបន់ដាច់ស្រយាល ភូមិខ្វាវលិច នេះផ្ទាល់ពុំមានប្រភពទឹកសម្រាប់ប្រើប្រាស់ ណាមួយប្រភពទឹកនៅឆ្ងាយ លោករួមជាមួយនិងមិត្តភក្តិ សប្បុរសជន ក៏បានគៀរគរថវិកាគ្នាដើម្បីផ្តល់ជាអណ្តូងទឹកជូនបងប្អូនពលរដ្ឋសម្រាប់ប្រើប្រាស់។
លោក កៅ រិទ្ធី បន្តថា ក្នុងនាមតំណាងក្រុមមិត្ត ចាស់ ក៏សូមថ្លែងអំណរគុណចំពោះក្រុមការងារ សប្បុរសជន ដែលចំណាយថវិកា កម្លាំងកាយចិត្តចូលរួមកិច្ចការងាររសង្គមនាពេលកន្លងមក។
ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំស្រុកស្វាយចេក លោក អឿន សេដ្ឋា អភិបាលរងស្រុក ក៏បានថ្លែងអំណរចំពោះក្រុមមិត្តចាស់ ដែលបានផ្តល់អណ្តូងទឹកជូនពលរដ្ឋនៅភូមិ ខ្វាវលិច (ដឺរាំង) បានទឹកប្រើប្រាស់ ដែលនេះជាសកម្មភាពបញ្ជាក់ពីការចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់ពលរដ្ឋដែលនៅតំបន់ដាច់ស្រយាលមានទឹកប្រើប្រាស់។
លោក អឿន សេដ្ឋា បន្តថា ទឹក គឺជាជីវិត ដែលយើងគ្រប់ៗគ្នាត្រូវការទឹកជាប្រចាំមិនអាចខ្វះបាន បើគ្មានទឹកជីវិតលើភពផែនដីក៏មិនអាចរស់នៅបាលឡើយ។ ទន្ទឹមជាមួយគ្នានោះលោក ក៏បានអំពាវដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដោយនៅរដូវប្រាំងនេះតំបន់ខ្លះកំពុងខ្វះខាត់ទឹកសម្រាប់ប្រើប្រាស់។
សូមបញ្ជាក់ផងដែរថា ៖ ប្រជាពលរដ្ឋដែលរស់នៅភូមិខ្វាវលិច (ដឺរាំង) ឃុំស្វាយចេក ស្រុកស្វាយចេក មានចំនួន៥០គ្រួសារ ព្រមជាមួយគ្នានោះប្រជាពលរដ្ឋដែលបានចូលរួមទទួលអណ្តូងទឹក ក្រុមមិត្ត ចាស់ ក៏បានជូនសារុងម្នាក់ៗ រួនិងថវិកាមួយចំនួនផងដែរ ៕
