អភិបាលខេត្តកណ្ដាល ជំរុញដល់អនុគណៈកម្មការទាំង១០ នៃគណៈកម្មការរៀបចំពិធីបុណ្យសង្គ្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បរិវេណនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់អនុគណៈកម្មការទាំង១០ នៃគណៈកម្មការរៀបចំពិធីបុណ្យសង្គ្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បរិវេណនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅធានាបាននូវការប្រារព្ធពិធីសង្ក្រាន្តខេត្តកណ្ដាលទទួលបានជោគជ័យ ប្រកបដោយសោភ័ណភាព ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋដែលអញ្ជើញមកកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញបែបនេះក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យសង្គ្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា អនុគណៈកម្មការទាំងអស់ ត្រូវរៀបចំទង់ក្អែប ទង់ជាតិ ទង់សាសនា បដា ពាក្យស្លោកទាំងក្នុងបរិវេណពិធី និងតាមដងផ្លូវ។ រៀបចំកម្មវិធីកំសាន្ត រាំវង់ តន្ត្រីស្គរដី ដោយសហការជាមួយក្រុមសិល្បៈ ក្រុមតន្ត្រីសម័យ ដើម្បីសម្តែងជូនមហាជនទស្សនាកំសាន្ត។ រៀបចំលេងល្បែងប្រជាប្រិយ៍។ ពិសេសត្រូវរៀបចំតុបតែងទីតាំងសម្រាប់មហាជនថតរូបអនុស្សាវរីយ៍ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ ជូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា សង្ក្រាន្តខេត្តកណ្ដាល គ្រោងនឹងរៀបចំប្រារព្ធធ្វើនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ៕

