ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមិទ្ធផលការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រេចបានដោយសារការចូលរួម និងការលូតលាស់នៃវិស័យឯកជន ដោយមានការទ្រទ្រង់ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិតណាស់ សមិទ្ធផលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងនេះ គឺសម្រេចបានដោយសារការចូលរួម និងការលូតលាស់នៃវិស័យឯកជន ដោយមានការទ្រទ្រង់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កភាពអំណោយផលដល់បរិយាកាសធុរកិច្ច និងការពង្រឹងការប្រកួតប្រជែងនៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី។
ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Aeon Mall Mean Chey នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ុន ម៉ាណែត បន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែង និងបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ សំដៅគាំទ្រដល់ការលូតលាស់របស់វិស័យឯកជន។
បណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ក្នុងរយៈកាលកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនយ៉ាងលឿន ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចរំដោះប្រជាជនជាច្រើនលាននាក់ចេញពីភាពក្រីក្រ និងបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងសំដៅទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ជាក់ស្តែង ជាមួយនឹងការចូលរួមរបស់វិស័យឯកជន, សេដ្ឋកិច្ចរបស់កម្ពុជាអាចងើបឡើងវិញចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៣% ក្នុងឆ្នាំ២០២១ ហើយសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានប៉ាន់ប្រមាណថាមានកំណើនប្រមាណ ៥,២% នៅឆ្នាំ២០២២ និងប្រមាណ ៥,៦% នៅឆ្នាំ២០២៣ ៕

