បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជាដៃគូកម្ពុជា-ជប៉ុន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមដល់ ការពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជាលើគ្រប់វិស័យ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Aeon Mall Mean Chey នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជាដៃគូកម្ពុជា-ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងផ្នែកពាណិជ្ជកម្ម, ការអភិវឌ្ឍ, មនុស្សធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមដល់ការពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាលើគ្រប់វិស័យ។
បណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ជាមួយនឹងវត្តមានរបស់ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងវិនិយោគិន ធុរជន និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសជប៉ុននាឱកាសនេះ, សូមយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការកម្ពុជា-ជប៉ុន ជាពិសេសការលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់ពីឆ្នាំ២០២៣ នេះ។
បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។ ជាមួយនឹងសុខសន្តិភាព ដែលសម្រេចបានដោយលំបាក, រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជាសេដ្ឋកិច្ចមួយប្រកបដោយថាមវន្ត និងមានភាពរស់រវើក តាមរយៈការដាក់ចេញ និងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ និងវិធានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម និងដោយផ្តោតលើតម្រូវការជាក់ស្តែង, ជីវភាព និងសុខទុក្ខរបស់ប្រជាជនជាធំ ៕

