រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីដាក់បង្ហាញផលិតផលសហគមន៍ និងបន្លែផ្លែឈេីខ្មែរ នៅអគារខេមរានី

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នារសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីភាពនៅក្នុងកម្មវិធីដាក់បង្ហាញផលិតផលសហគមន៍ និងបន្លែផ្លែឈេីខ្មែរ ដែលរៀបចំឡេីងដោយសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា និងសមាគមពាណិជ្ជករកាណាដា នៅអគារខេមរានី។
កម្មវិធីនេះរៀបចំឡេីងក្នុងគោលបំណងបង្កេីនទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម តាមរយៈការផ្សាភ្ជាប់សមាគមពាណិជ្ជករកាណាដា ជាមួយផលិតផលសហគមន៍ និងបន្លែផ្លែឈេីខ្មែរ ដែលជាជម្រេីសផ្សេងទៀតសម្រាប់ប្រជាជនកាណាដា ជាពិសេសជម្រេីសដែលមាននៅក្នុងប្រទេសកម្ពុជា ដេីម្បីជួយលេីកកម្ពស់ផលិតផលខ្មែរ ការលេីកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការជួយដល់ការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា៕
