សម្ដេចក្រឡាហោម ស្នើអាជ្ញាធរមានសមត្តកិច្ច និងប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើអាជ្ញាធរមានសមត្តកិច្ច និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា។
ការស្នើរបស់សម្ដេចបានធ្វើឡើង ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តទឹកជុំមានជ័យ (វត្តកោះចារ) ស្ថិតនៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោមបន្តថា ទន្ទឹមនិងនោះត្រូវបន្តខិតខំពង្រឹងកម្លាំងប្រជាការពារឱ្យមានចំនួនសមស្របតាមភូមិសាស្ត្រ និងប្រជាសាស្ត្រនៃមូលដ្ឋាននីមួយៗ ដោយត្រូវបំផុសលើកទឹកចិត្ត ប្រជាពលរដ្ឋឱ្យចូលរួមក្នុងចលនាប្រជាការពារ និងបំផុសចលនាឱ្យមានការចូលរួម ជួយឧបត្ថម្ភគាំទ្រទាំងខាងមធ្យោបាយ សម្ភារ ថវិកា និងការគាំទ្រខាងស្មារតីដល់ ប្រជាការពារនៅគ្រប់មូលដ្ឋានឱ្យមាននិរន្តភាព។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពលនៃសាសនាទាំងអស់ ឱ្យក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម៕

