សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាពិភពលោកប្រែប្រួលយ៉ាងណា កម្ពុជាមិនខ្វះស្បៀងអាហារឡើយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់លាស់ថា បើទោះបីពិភពលោកជួបនូវការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនមានការខ្វះខាតស្បៀងនោះឡើយ ដោយក្នុង១ឆ្នាំៗកម្ពុជាសល់ស្រូវរហូតដល់ ៦លានតោន។
សម្ដេចប្រកាសបែបនេះ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោបញ្ជាក់ទៀតថា នៅពេលដែលពិភពលោកជួបប្រទះនូវវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានា បាននូវសន្តិសុខស្បៀងរបស់ខ្លួនពេញលេញនោះទេ ប៉ុន្តែថែមទាំងអាចនាំចេញផលិតផលកសិកម្ម បានជាង ៨លានតោនទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា វិស័យកសិកម្មបានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “មិនមែនថាកម្ពុជា គ្មានគោលនយោបាយដឹកនាំ ក្នុងវិស័យកសិកម្មទេ យើងដុតដៃដុតជើងទាំងអស់គ្នាទើបបានមកដល់ពេលនេះ ហើយបើទោះបីជាពិភពលោកប្រែប្រួលយ៉ាងណា តែកម្ពុជាមិនខ្វះអង្ករហូបទេ រឿងនេះគឺជារឿងច្បាស់លាស់របស់យើង ដែលមុននេះយើងធ្លាប់ខ្វះអង្ករ តែពេលនេះមិនអាចខ្វះស្បៀង”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ការដាក់ចេញនូវគោលនយោបាយ «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករឲ្យបាន១លានតោន» នៅឆ្នាំ២០១០ ដែលបានជំរុញឲ្យកម្ពុជា សម្រេចបាននូវផលិតកម្មស្រូវ គេចចេញពីការខ្វះខាត ទៅជាសល់ស្រូវ បើទោះបីមិនជោគជ័យទៅលើការនាំចេញ ១លានតោន ដោយសារមូលហេតុសត្យានុម័ត និងបញ្ហាទីផ្សារ ក្នុងនោះរួមទាំងតម្រូវការវិនិយោគលើម៉ាស៉ីនកិនស្រូវ ឃ្លាំងស្តុក ទុនបង្វិលជាដើម ធ្វើឲ្យកម្ពុជានាំចេញស្រូវនៅឡើយ។
សម្តេចតេជោបានរំលឹកថា នៅឆ្នាំ២០០២ កម្ពុជានៅខ្វះស្បៀងនៅឡើយ ដោយេពេលនោះកម្ពុជាទទួលជំនួយជាអង្ករពីប្រទេសឥណ្ឌា ២ម៉ឺនតោន ប៉ុន្តែសម្រាប់បច្ចុប្បន្ន កម្ពុជាមិនត្រូវការជំនួយអង្ករពីខាងក្រៅទៀតនោះទេ៕
