នាយករដ្ឋមន្រ្តី ណែនាំឱ្យជំរុញបន្ថែមលើការផលិតស្រូវពូជសុទ្ធផ្ការំដួល ឱ្យគ្រប់គ្រាន់តាមតម្រូវការ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវជំរុញបន្ថែម លើការផលិតស្រូវពូជសុទ្ធផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការ ដើម្បីគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពល្អប្រសើរជាងមុន ដោយសម្តេចបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០គ្រឿងដល់ក្រសួងកសិកម្ម សម្រាប់ជួយដល់ការងារផលិតពូជសុទ្ធនេះ។
សម្តេចថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោបានមានប្រសាសន៍ថា ការផលិតពូជស្រូវសុទ្ធ គឺកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាចម្បង។ ហេតុនេះហើយ សម្តេចបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០ គ្រឿង ដល់ក្រសួងកសិកម្ម សម្រាប់ចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ ដើម្បីជំរុញការផលិតពូជឱ្យបានគ្រប់គ្រាន់។
សម្តេចបញ្ជាក់ថា “កត្តាពូជនេះវាសំខាន់ អ៊ីចឹងត្រូវជំរុញអាហ្នឹង ដើម្បីធ្វើយ៉ាងម៉េចឱ្យពូជរបស់យើងបើកទូលាយ ឱ្យប្រជាពលរដ្ឋរបស់យើងអាចដាំដុះ ហើយពូជនេះគឺជាពូជដែល វាមិនមែនគ្រាន់តែជាតម្រូវការក្នុងស្រុកទេ តែនៅក្រៅស្រុកក៏មានតម្រូវការ ដែលយើងត្រូវបន្តនៅក្នុងដំណើរនេះ”៕
