ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយនឹងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តបូព៌

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តបូព៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ថ្នាក់ដឹកនាំ និងមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ក្រឡាបញ្ជី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀត ព្រមទាំងសមាជិក សមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ និងសប្បុរសជនជាច្រើនរូបផ្សេងទៀត។
ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ ឯកឧត្តម កើត រិទ្ធ រួមជាមួយនឹងអ្នកដែលបម្រើការងារក្នុងវិស័យច្បាប់ និងយុត្តិធម៌ ក៏ដូចជាសប្បុរសជនផ្សេងទៀតបាននាំយកថវិកា និងសម្ភារចំនួនទៀតប្រគល់ជូន៖
(១)-គណៈគ្រប់គ្រងសាលានូវថវិកាចំនួន ១០ ០០០ ០០០ រៀល និងទឹកបរិសុទ្ធចំនួន ៣០០ កេស
(២)-លោកគ្រូ អ្នកគ្រូ អ្នកបើកបរ សន្តិសុខ និងបុគ្គលិកអនាម័យក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០ ០០០ រៀល និង
(៣)-សិស្សានុសិស្សចំនួន ៥០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ ០០០ រៀល សម្លៀកបំពាក់សិក្សា ស្បែកជើង និងស្រោមជើង ៕

