បណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព

ភ្នំពេញ៖ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើនក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ជាទីអារាមដ៏ចំណាស់មួយនៅក្នុងមូលដ្ឋានឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។ សមិទ្ធផលទាំងនេះ គឺបានកើតឡើងពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងប្រជាពលរដ្ឋជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួមគ្នាកសាងជាប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងការគោពប្រតិបត្តិ និងតម្កល់ទុកជាទីសក្ការៈក្នុងព្រះពុទ្ធសាសនា។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ការជួបជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយនាថ្ងៃនេះ ខុសពីស្ថានភាពក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលក្នុងកាលៈទេសៈនោះ ប្រទេសកម្ពុជាយើងកំពុងតែវឹកវរជ្រួលច្របល់ និងរងគ្រោះដោយជម្លោះបែកបាក់ ដែលនាំឱ្យមានការកាប់សម្លាប់ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញរាល់សមិទ្ធផលសង្គម រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជាការធ្វើទុក្ខបុកម្និញបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋពីការគោរពប្រតិបត្តិជំនឿសាសនា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព តាមរយៈ៖ ទី១. ការជួយទប់ស្កាត់ការវិលត្រលប់មកវិញនូវសង្គ្រាម និងជម្លោះបែកបាក់គ្រប់រូបភាព, ទី២. ការជួយថែរក្សាការពារសមិទ្ធផលដែលបានកើតមានទ្បើងក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងទី៣. ការបន្តចូលរួមកសាងនូវសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ជូនជាតិ និងទុកជាកេរដំណែលសម្រាប់ជំនាន់ក្រោយៗទៀត» ៕

