នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តាកោះ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកងទ័ពជើងទឹក ឈរជើងនៅកោះពូលូវ៉ៃ និងកោះតាង ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែនសមុទ្រកម្ពុជា។
ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយនាវី និងពលនាវឹក នាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើដល់កងទ័ពទាំងអស់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានកោតសរសើរ ចំពោះនាយនាវី ពលនាវឹកទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងភារកិច្ចការពារដែនកោះប្រកបដោយវីរភាពអង់អាចក្លាហាន និងការខិតខំកសាងសមិទ្ធផលជាច្រើននៅលើកោះ ធ្វើឲ្យកោះប្រែមុខមាត់ថ្មី មានអគារស្នាក់នៅសមរម្យ មានទឹកសាបប្រើប្រាស់ និងមានដាំដំណាំ ចិញ្ចឹមសត្វ រក្សាដល់សុខភាពបានល្អ ធានាបានដល់កិច្ចការពារបូរណភាពទឹកដី។
ជាមួយនឹងដំណើរចុះសួរសុខទុក្ខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៍បាននាំយកថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅឧបត្ថម្ភដល់កងកម្លាំងកងទ័ពជើងទឹកឈរជើងការពារកោះផងដែរ ៕
