ឯកឧត្តម សក់ សេដ្ឋា អំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋត្រូវចូលរួមសហការធ្វើយ៉ាងណាឱ្យការជួសជុលផ្លូវ ដាក់លូ និងសាងសង់ស្ពានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ

បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបវេល បានអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋត្រូវចូលរួមសហការធ្វើយ៉ាងណាឱ្យការជួសជុលផ្លូវ ដាក់លូ និងសាងសង់ស្ពានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ។
ការអំពាវនាវរបស់ឯកឧត្ដម បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែងជាង១០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ដោយដាក់លូកាត់ចំនួន១២កន្លែង និងសាងសង់ស្ពានបេតុងមួយកន្លែងប្រវែង៦៣ម៉ែត្រ ទទឹង៩ម៉ែត្រចាប់ពីផ្លូវលេខ១៥៩C ដល់ផ្លូវលេខ៥៧B ឆ្លងកាត់ភូមិស្លខ្លាញ់ និងភូមិគោក ឃុំបួវិល ស្រុកបវេល នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។
ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា ដោយសង្កេតឃើញកន្លងមកបងប្អូនប្រជាពលរដ្ឋមានការពិបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទើបរាជរដ្ឋាភិបាលសម្រេចផ្ដល់អំណោយជាចំណងដៃដ៏ថ្លៃថ្លាជាផ្លូវ និងស្ពានថ្មី។
ឯកឧត្តម សក់ សេដ្ឋា បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចូលរួមសហការធ្វើយ៉ាងណាឱ្យការជួសជុលផ្លូវ ដាក់លូ និងសាងសង់ស្ពានបានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល និងដឹកជញ្ជូនកសិផលបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោក គឹម ចិន្តា អភិបាលស្ដីទីស្រុកបវេល បានថ្លែងឱ្យដឹងថា ផ្លូវ និងស្ពានដែលជាសមិទ្ធផលដ៏ថ្មីស្រឡាងនេះ ជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់បម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំបួវិល ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកបវេលទាំងមូល៕

