សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកំណត់កូតារហូតដល់២% សម្រាប់ជ្រើសរើសជនមានពិការភាព ឲ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើសជនមានពិការភាព ឲ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនានេះសម្ដេចតេជោ បានបញ្ជាក់ថា “ដោយបានគិតគូរល្អិតល្អន់នូវសុខុមាលភាព របស់ជនពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើស ជនមានពិការភាពឱ្យបម្រើ ការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ”។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យឯកជន ត្រូវបានលើកទឹកចិត្តជាពិសេស ឲ្យទទួលយកជនមានពិការ-ភាពបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសជនមានពិការភាព ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានកាន់តែទូលំទូលាយ។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ន បញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ បាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមាន-ពិការភាព និងជនងាយរងគ្រោះដទៃទៀត។
ក្នុងឱកាសនោះផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោត-សរសើរ ចំពោះជនមានពិការភាព និងភាគីពាក់ព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ដើម្បីមកចូលរួមក្នុងសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមាន-ពិការភាព របស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដ ដល់ជនមានពិការភាព៕
