សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មិត្តបរទេសនឹងមិនគាំទ្រ ចលនាបដិវត្តន៍ពណ៌បំផ្លាញកម្ពុជាទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដោយសង្ឃឹមថាមិត្តភក្តិបរទេស នឹងមិនគាំទ្រដល់ចលនាបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ដែលខិតខំរកមកបានដោយលំបាកនោះទេ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ នាព្រឹកថ្ងៃចន្ទទី៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាដ៏កម្សត់មួយនេះ បានឆ្លងកាត់នូវទុក្ខវេទនានៃភ្លើងសង្គ្រាម ស្លាប់ប្រជាពលរដ្ឋរាប់លាននាក់ ដូច្នេះកម្ពុជានឹងមិនអត់ឱនដល់សកម្មភាពទាំងឡាយណា ដែលចង់បំផ្លាញសន្តិភាព នាំកម្ពុជាទៅរកភ្លើងសង្គ្រាមវិញនោះទេ ទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចតេជោបញ្ជាក់ថា «វាលសង្គ្រាមនេះ គឺសង្ឃឹមថានឹងមិនមានអនុភាពប្រតិក្រិយា [បតិកិរិយា] (ប្រតិកម្ម) ណាធ្វើឲ្យកម្ពុជា វិលត្រឡប់ទៅរកសង្គ្រាមឡើងវិញនោះទេ ព្រោះច្បាស់ណាស់ យើងមិនអត់ឱនសកម្មភាពណាក៏ដោយ ទោះបីដោយតម្លៃណាក៏ដោយ សម្រាប់អ្នកដែលមានចេតនាបំផ្លាញសន្តិភាពនៅក្នុងកម្ពុជា យើងយល់ យើងដឹងអំពីបំណងរបស់មនុស្សខ្លះ ដែលជាមជ្ឈដ្ឋានក្រៅប្រទេស ផ្តល់ក្តីកង្វល់ចំពោះយើង តែយើងក៏សុំប្រាប់ទៅអ្នកទាំងអស់ ឲ្យបានជ្រាបថា អ្នកក៏គួរយល់អំពីកង្វល់របស់យើង ដែលជាព្រះរាជាណាចក្រកម្ពុជា ជាទឹកដីដ៏កម្សត់មួយ ដែលពួកអ្នកបានរួមចំណែកបំផ្លាញ និងធ្វើសង្គ្រាមក្នុងប្រទេសយើងកាលពីពេលមុន សង្ឃឹមថាអ្នកនឹងមិនដុតកម្លោច ដោយជួយផ្ចុងផ្តើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសន្តិភាព នៅក្នុងប្រទេសរបស់យើង ហើយបង្កើតឡើងវិញនូវសង្គ្រាម ដែលក្នុងពុទ្ធទំនាយរបស់យើង និងដែលយើងបាននិយាយនៅពេលនេះ គឺទាក់ទងនឹងការឆ្លងកាត់វាលបី»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ខ្ញុំបានបង្ហោះនូវវីដេអូខ្លីមួយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ ដែលពេលនោះខ្ញុំទើបមានអាយុ ៣៥ឆ្នាំប៉ុណ្ណោះ ដែលជាវីដេអូបន្ទាប់ពីចុះហត្ថលេខា លើសេចក្តីប្រកាសរួម ហ្វ៊ែអង់តាឌឺណរ ប្រទេសបារាំង រវាងខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាពេលចរាចជាមួយគ្នា ចេញសេចក្តីប្រកាសរួមមួយ។ ការបញ្ចេញនូវវីដេអូខ្លីនេះ គឺចង់បង្ហាញដល់អ្នកដទៃ ដែលមិនមែនជាខ្មែរ សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរទៅទៀត ពេលខ្មែរស្លាប់ ជនបរទេសទាំងឡាយ មិនបានមកស្លាប់ជាមួយខ្មែរនោះទេ គេនាំគ្នារត់ចោលយើង ហើយទុកឲ្យពួកយើងស្ថិតក្នុងស្ថានភាពដ៏លំបាក ប៉ុន្តែនៅពេលដែលមានសន្តិភាព គេបែរជាបង្ហោះនូវកង្វល់ព្រួយបារម្ភជួសយើង ទៅលបញ្ហានេះបញ្ហានោះ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ និងគិតគូរដល់កង្វល់របស់យើងពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិភាព និងសង្គ្រាមនោះទេ» ៕
