ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យកសិកម្ម ជាមូលដ្ឋានគាំទ្រមួយដ៏សំខាន់ ដល់វិស័យផ្សេងៗទៀត ក្នុងចរន្តសេដ្ឋកិច្ចជាតិទាំងមូល

ភ្នំពេញ៖ ថ្លែងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ជាទស្សនៈផ្ទាល់ខ្លួន ដូចទៅនឹងវិស័យឧស្សាហកម្មផងដែរ, វិស័យកសិកម្មក៏ជាមូលដ្ឋានគាំទ្រមួយដ៏សំខាន់ដល់វិស័យផ្សេងៗទៀតក្នុងចរន្តសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសការចូលរួមបង្កើតឱ្យមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈគំនិតផ្តួចផ្តើមនៃ «តំបន់មួយ វិស័យមួយ»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា តាមរយៈទស្សនៈនេះ, ជាការចាំបាច់សម្រាប់កម្ពុជាពិនិត្យ និងសិក្សាអំពីសក្តានុពលនៃតំបន់នីមួយៗនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីកំណត់អំពីប្រភេទវិស័យអាទិភាព និង រៀបចំការលើកទឹកចិត្ត និងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រធ្វើយ៉ាងណាឱ្យតំបន់នោះមានភាពទាក់ទាញ និងសមស្របសម្រាប់ការវិនិយោគ និងធុរកិច្ច ប្រកបដោយផលិតភាព និងភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុក និង អន្តរជាតិ ៕
