ត្រដក់ធំ ជាប្រភេទសត្វស្លាបជិតផុត ពូជលើពិភពលោក មានកន្លែងបន្តពូជតែនៅឥណ្ឌា និងកម្ពុជាប៉ុណ្ណោះ

ភ្នំពេញ៖ ត្រដក់ធំ មានឈ្មោះជាភាសាអង់គ្លេស Greater Adjutant និងឈ្មោះវិទ្យាសាស្រ្ត Leptoptilos dubius៖ ត្រដក់ធំ ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយប្រភេទនេះ មានវត្តមាននៅប្រទេសកម្ពុជា បង់ក្លាដេស នេប៉ាល់ ភូមា ថៃ វៀតណាម និងមានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌានិងកម្ពុជាប៉ុណ្ណោះ។
ចំនួនសរុបសត្វប្រភេទនេះមានក្នុងពិភពលោក ត្រូវបានប៉ានប្រមាណក្នុងចន្លោះ៨០០ទៅ១២០០ក្បាល (ភាគច្រើនមានក្នុងប្រទេសឥណ្ឌា និងកម្ពុជា)។
វាមានប្រវែងខ្លួន ១៤៥-១៥០ស.ម សត្វពេញវ័យ៖ បណ្តោយដងខ្លួនធំ ឆ្នូតផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក។ ពេលបន្តពូជ៖ មានពណ៌ខ្មៅគល់ចំពុះ និងកពណ៌ស្លាទុំ។
ប្រភេទត្រដក់ធំនេះ ត្រូវបានការពារយ៉ាងតឹងរឹងនៅតាមតំបន់ការពារធម្មជាតិ ដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ ហើយក៏បាននិងកំពុងអនុវត្តកម្មវិធីពិនិត្យ អង្កេតតាមដាន ពីបម្រែបម្រួលចំនួនប្រភេទនេះផងដែរ ដែលបច្ចុប្បន្នមានចំនួនសរុប២០០គូដែលចំនួននេះស្មើនឹងប្រមាណជា៥០% នៃចំនួនសរុបទូទាំងពិភពលោក ៕
