នាយករដ្ឋមន្ត្រី ប្រកាសច្រានចោលការប្រមាថថា រុញម្តាយរហូតដួលបាក់ឆ្អឹងជំនឺ

ភ្នំពេញ៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជា អធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានច្រានចោលនូវការចោទបន្តុះបង្អាប់របស់ជនមួយចំនួនដែលថា សម្តេចរុញច្រានម្តាយរបស់ខ្លួន រហូតដល់ដួលបាក់ឆ្អឹងជំងឺ ដោយសម្តេចបញ្ជាក់ថា ការលើកឡើងនេះជារឿងមិនពិតឡើយ សម្តេចជាកូនកត្តញ្ញូម្នាក់ ដែលមើលថែរក្សា និងទាន់ដង្ហើមចុងក្រោយរបស់ម្តាយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្តាយរបស់សម្តេចដួលប៉ះនឹងកែងគ្រែ បាក់ឆ្អឹងជំនឺដោយសារតែគ្រាប់ផ្លោង ថ្ងៃ៦-៧ ខែកក្កដា ១៩៩៧ ដែលពេលនៅសម្តេច និងក្រុមគ្រួសារ ចេញទៅកម្សាន្តនៅប្រទេសវៀតណាម។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលមានឪពុកម្តាយឈឺ សូមកុំដើរទៅណាឆ្ងាយពីពួកគាត់ ត្រូវនៅជាប់ពួកគាត់ ព្រោះមនុស្សឈឺពីលដង្ហើមចុងក្រោយប្រៀបបានដូចចង្កៀងដូច្នេះដែរ ឆេះមួយភ្លេតក៏រលត់ទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មានការនិយាយបន្តុះបង្អាប់ខ្ញុំ រហូតដល់ថ្នាក់ថា ខ្ញុំច្រានម្តាយខ្លួនឯង វាយម្តាយខ្លួនឯង គេអាចនិយាយទៅរួចនៅភាសានេះ ក្នុងឋានៈខ្ញុំជាកូនកត្តញ្ញូម្នាក់ ដែលទទួលបាននូវការគោរពរបស់ប្រជាពលរដ្ឋ គេហ៊ាននិយាយបែបនេះ ខ្ញុំថ្នមម្តាយខ្ញុំ ខ្ញុំថ្នមឪពុកខ្ញុំ។ នៅថ្ងៃ១០ ខែមីនានេះ ខួប២៥ឆ្នាំនៃមរណភាពម្តាយខ្ញុំ គឺមានបងប្អូន៦នាក់ មានតែកូន២នាក់គត់ ដែលនៅទាន់ដង្ហើមរបស់គាត់ ការពិតយើងនៅជុំគ្នាទាំងអស់ជាងមួយសប្តាហ៍ហើយ ប៉ុន្តែពេលវេលាដែលគាត់ផុត គឺឪពុកខ្ញុំរវល់ចូលបន្ទប់ទឹក ហើយបងប្អូនខ្លះទៀតនៅខាងក្រៅផ្ទះ អីចឹងបាននិយាយថា នៅពេលដែលឪពុកម្តាយឈឺ កុំដើរទៅណាឆ្ងាយឲ្យសោះ ដូចចង្កៀងចឹងមុននឹងរលត់ឆេះមួយភ្លេត»។
សម្តេចតេជោបានលើកឡើងថា សម្តេចជឿថា ចៅស្រទី១របស់សម្តេច [ស្រីពេជ្រ] ជាកូនស្រីរបស់លោកស្រី ហ៊ុន ម៉ាណា គឺជាម្តាយរបស់សម្តេចចាប់ជាតិ យ៉ាងពិតប្រាកដ។ ម្តាយរបស់សម្តេចបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ មកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ជាខួប២៥ឆ្នាំហើយ៕
